កំពង់ចាម៖ បន្ទាប់ពីឡោមព័ទ្ធតាំងពីព្រឹកព្រលឹម រហូតដល់រសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៣នេះ កម្លាំងសមត្ថកិច្ចមិនទាន់ អាចរំដោះចំណាប់ខ្មាំងជាបុគ្គលិកធនាគារអេស៊ីលីដាចំនួន២នាក់ ពីជនសង្ស័យទាំង២នាក់ នៅឡើយទេ បន្ទាប់ពីជនសង្ស័យបានចាប់ពួកគេចូលទៅក្នុងបន្ទប់ដាក់ទូដែក ហើយចាក់សោរជាប់ ហេតុដូច្នេះ ហើយទើបក្រសួងមហាផ្ទៃបានសម្រេច បញ្ជូនកម្លាំងសមត្ថកិច្ចពិសេស៣រថយន្ត ប្រហែលជា ២០នាក់ ក្នុងសម្លៀកបំពាក់ឈុតខ្មៅ មកពីនាយកដ្ឋាន ប្រឆាំងភេរវកម្ម ដឹកនាំដោយអនុប្រធាននាយកដ្ឋាន លោក ចាន់ ស៊ីថា ចុះទៅកន្លែងកើតហេតុ ដើម្បីរកវិធីសាស្រ្តផ្សេង ដើម្បីជួយសង្រ្គោះជនរងគ្រោះ ។
ប្រតិបត្តិការ ដែលធ្វើឡើងយ៉ាងក្តៅគគុក និងជាមេរៀនថ្មីមួយទៀត សម្រាប់សមត្ថកិច្ចខេត្តកំពង់ចាម និងសមត្ថកិច្ច នៅតាមបណ្តាខេត្តផ្សេងទៀតនោះ បានកើតមានឡើង បន្ទាប់ពីក្រុមចោរបានបដិសេធមិនទទួលយកលុយ ជាថ្នូរនិងការដោះលែងជនរងគ្រោះ គឺពួកគេត្រូវការតែថ្នាំញៀនប៉ុណ្ណោះ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ថ្នាក់ដឹកនាំសំខាន់ៗ នៅខេត្តកំពង់ចាម រួមមានព្រះរាជអាជ្ញា ស្នងការនគរបាលខេត្ត មេបញ្ជាការអាវុធហត្ថ និងកម្លាំងយោធា បាននឹងកំពុងបន្តនៅកន្លែងកើតហេតុខាងលើ ដែលមានទីតាំងស្ថិតនៅខាងត្បូងផ្សារបែកអន្លង់ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ សមត្ថកិច្ចបាន ឲ្យដឹងថា រហូតមកដល់រសៀលថ្ងៃដដែលនេះ ជនសង្ស័យចំនួន២នាក់ ប្រដាប់ដោយកាំភ្លើង១ដើម និងជនរងគ្រោះជាបុគ្គលិករបស់ធនាគារ កំពុងស្ថិតនៅក្នុងបន្ទប់នៅឡើយ ហើយជនសង្ស័យបដិសេធទទួលយកលុយ បើ ទោះបីសមត្ថកិច្ចបានប្រគល់លុយទៅពួកគេ ចំនួន ៥៧លានរៀលក៏ដោយ ។ ដោយឡែកប្រជាពលរដ្ឋនៅកន្លែង កើតហេតុទាំងមូល បានរំសាយការភ័យខ្លាច និងការព្រួយបារម្ភរបស់ខ្លួន ដោយសារជនសង្ស័យទាំងនេះ មិនមែនជាក្រុមចោរប្លន់នោះទេ ជាជនញៀនថ្នាំប៉ុណ្ណោះ ។
ជាមួយគ្នានេះ សាច់ញាតិជនរងគ្រោះ បានស្នើឲ្យសមត្ថកិច្ចរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីរំដោះជនរងគ្រោះ ចៀសវាងមានរឿងអ្វីមួយកើតឡើង ប៉ះពាល់ដល់អាយុជីវិត៕
ប្រភព ដើមអម្ពិល
Post a Comment