ម្ទេសមានរសជាតិហឹរក្រហាយពិបាកទំពារ ពិបាកលេប តែនៅខាងក្នុងរសជាតិក្រហល់ក្រហាយនោះ មានបង្កប់ទៅដោយសារធាតុអាហារមានប្រយោជន៍ជាច្រើន ។ ជាពិសេសវាមានសារធាតុម្យ៉ាងជួយពន្យារជរាភាព ធ្វើអោយមនុស្សស្ថិតនៅក្មេងវ័យបានយូរ ។
ម្ទេសជាអាហារគួរអោយចាប់អារម្មណ៍បំផុត
ព្រោះបើទោះបីជាហឹរពិបាកលេប ក៏នៅតែមានមនុស្សជាច្រើននិយមបរិភោគវាដែរ ។ ម្ទេសមានសារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរី (Free Radical) មានបេតាខែរ៉ូទីន និងវីតាមីន C ច្រើនជាងបន្លែបង្កាទូទៅ ។ ម្ទេសមានអាហារសសៃដល់ទៅ ៩.៩ ក្រាម ក្នុង ១០០ក្រាម ដែលជាបរិមាណច្រើនបំផុតក្នុងចំណោមបន្លែ ដោយចាញ់តែត្រប់ចង្កោម ម្រះ និងស្តៅប៉ុណ្ណោះ ។
លើសពីនេះ ម្ទេសមានសារធាតុដ៍សំខាន់ម្យ៉ាងហៅថា ខែតសៃស៊ីន (Capsaicin) ដែលមានតួនាទី ជួយពន្យារជរាភាព ធ្វើអោយមនុស្សក្មេងវ័យ រារាំងអាការរលាក និងជួយរំញោចដល់ចរាចរឈាម ។
ដូច្នេះ ការបរិភោគម្ទេសមានប្រយោជន៍ ពាក់ព័ន្ធទៅនឹងរឿងសម្ផស្សដោយផ្ទាល់ គឺវាជួយធ្វើអោយមនុស្សមានភាពក្មេងវ័យបានយូរ ។ ប៉ុន្តែគុណវិបត្តិរបស់វាគឺស្ថិតនៅលើរសជាតិហឹរ ដែលពុំអាចអោយយើងបរិភោគបានច្រើន ដូចបន្លែដទៃទៀតនោះឯង ។ ជាពិសេសសម្រាប់អ្នកដែលមានជម្ងឺក្រពះ ប្រសិនបើបរិភោគម្ទេសវានឹងធ្វើអោយផ្សាក្រពះពុំធម្មតាឡើយ ។ ទោះជាយ៉ាងណាក៏ដោយគេសង្កេតឃើញថាអ្នកដែលចូលចិត្តហូបម្ទេសរមែងមានអាយុវែង ។
បច្ចុប្បន្ននេះម្ទេសត្រូវបានគេចម្រាញ់ធ្វើជាប្រេង សម្រាប់រឹតលាបមានឈ្មោះថា Capsaicin ជាថ្នាំក្តៅសម្រាប់បំបាត់ការឈឺចាប់សន្លាក់ ឈឺចាប់សាច់ដុំ ។ ដោយសារវាមានគុណសម្បត្តិទប់ស្កាត់ការរលាក និងជួយរំញោចដល់ចរាចរណ៍ឈាម ទើបធ្វើអោយវាអាចក្លាយជាថ្នាំព្យាបាលជម្ងឺសន្លាក់ និងសម្រាលការឈឺចាប់បានយ៉ាងល្អ ។
@បងពេទ្យ
Post a Comment