សុភមង្គលជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប ប៉ុន្ដែមិនមែនមនុស្សគ្រប់រូប សុទ្ធតែទទួលបាន សុភមង្គលនោះទេ។ នៅ សម័យកាលរីកចម្រើន មនុស្សក៏មានការ រីកចម្រើនផ្នែកគំនិតដែរ ដើម្បីដើរទាន់របត់ថ្មីនៃសង្គម។ ការជ្រើសរើសនារីណាម្នាក់ធ្វើជាគូ ជីវិតរួមខ្នើយវាសនា ជាកត្ដាចាំបាច់មួយ ដែលបុរសសម័យថ្មី តែងតែយកចិត្ដទុកដាក់។ ដូច្នេះនារីដែលមានសមត្ថភាពគឺជាគោលដៅ ដែលបុរសប៉ងប្រាថ្នាជាគូអនាគត។
ខាងក្រោមនេះ គឺជាការលើកឡើងរបស់ លោកសាស្ដ្រាចារ្យ សំបូរ មាណ្ណារ៉ា អនុប្រធានដេប៉ាទឺម៉ង់ប្រវត្ដិសាស្ដ្រនៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ស្ដីពីគុណវិបត្ដិដែលនឹងកើតឡើង ប្រសិនបើការជ្រើសរើស នារីរបស់បុរសមិនបានសមស្រប។
ស្ដ្រីដែលបុរសត្រូវជ្រើសរើស
កត្ដាផ្លូវចិត្ដមានការពាក់ព័ន្ធ សំខាន់នឹងចរិយាសម្បត្ដិ ព្រោះត្រូវរស់នៅជាមួយគ្នាពោរពេញដោយក្ដីស្រឡាញ់និងចេះអធ្យា ស្រ័យពេញមួយជីវិត។ ប៉ុន្ដែអ្វីដែលសំខាន់ជាងនេះ គឺសមត្ថភាពព្រោះជាមូលដ្ឋាន ចំណេះដឹងដែល នាំដល់ការត្រិះរិះបានវែងឆ្ងាយ អាចចាប់យកអ្វីដែលគេប៉ងប្រាថ្នា និងគិតគូរបានល្អិតល្អន់ មុននឹងធ្វើការសម្រេចកិច្ចការអ្វីមួយ។ នារីមួយចំនួនមាននិស្ស័យ ឬសារជាតិមិន សូវល្អពីកំណើត ដូចជាឆ្នាស់ឆ្នើម ឆេវឆាវជ្រុលពេក ធ្វើឱ្យគ្រួសារងាយរងវិបត្ដិ។
ជាទូទៅនារីដែលទទួលបានការអប់រំខ្ពស់ មាន សមត្ថភាពគឺមានក្រមសីលធម៌ ឬចរិយាធម៌កាន់តែប្រសើរដែរ។ សមត្ថភាពអាចជួយជ្រោង សេដ្ឋកិច្ចគ្រួសារ និងសង្គមឱ្យប្រសើរ ស្ថិតនៅក្នុងភាពថ្លៃថ្នូរ។ ដូច្នេះសមត្ថភាពនៅតែដើរតួ យ៉ាងសំខាន់ក្នុងការជ្រើសរើសគូស្រកររបស់ បុរសសម័យថ្មី ដែលមានការ អភិវឌ្ឍ។
ការជ្រើសរើសនារីពុំបានសមស្រប
ការជ្រើសរើសនារីពុំបានសមស្រប
ពិតជាកម្រណាស់សម្រាប់នារីម្នាក់ ដែលមានលក្ខណៈល្អទាំងព្រម មានទាំងសមត្ថភាព មានទាំងចរិយាមានទាំងសម្រស់ ឥតខ្ចោះ ដើម្បីឱ្យបុរសធ្វើការជ្រើសរើសនោះ។
រូបភាពទស្សនាវដ្ដីសុខភាពយើង
• បើបុរសជ្រើសរើសនារីម្នាក់ ដោយគិតតែលើសោភ័ណជាធំនោះ ការបែកបាក់គ្នាក៏មានកម្រិតកាន់តែខ្ពស់ ព្រោះសោភ័ណ មិនស្ថិតនៅជានិរន្ដរ៍ទេ វានឹងបាត់បង់ទៅវិញទៅតាមពេលវេលាបន្ដិចម្ដងៗ។ ម្យ៉ាងទៀតអំពើអសីលធម៌ របស់បុរសអាចកើតមាន ដោយតាំងខ្លួនជា អធិបតីនៃគ្រួសារ ព្រោះភាពអវិជ្ជានាំឱ្យស្ដ្រី បាត់បង់ភាពក្លាហាន រងគំនាបពីភាគីបុរស និងខ្វះការតស៊ូរើបម្រះ។
• បើការជ្រើសរើសដោយផ្ដោតសំខាន់ ទៅលើតែចរិយាធម៌ នោះគ្រួសារក៏មិនសូវទទួលសុភមង្គលដែរដោយចរិយាសម្បត្ដិ មិនបានបង្គ្រប់នូវលទ្ធភាព នៃការចិញ្ចឹមជីវិតនោះទេ។ បុគ្គលជាបុរសប្រាកដជាមាន អំរែកដ៏ធ្ងន់នៅលើស្មានិងត្រូវទទួល ខុសត្រូវខ្ពស់ បំផុតលើបញ្ហាសេដ្ឋកិច្ច។ ប្រៀបបាននឹងការបររទេះ “គោរកឹកនឹម”ដែលគោម្ខាងព្យាយាមដើរឯគោម្ខាងទៀត មិនព្រមដើរ ឬដើរយឺត ដូច្នោះ។ ទីបំផុតល្បឿននៃរទេះមានលក្ខណៈវិលជុំ ជារង្វង់រកផ្លូវឈានឡើងទៅ មុខពុំបាន។ ម្យ៉ាងវិញទៀតភាពអវិជ្ជាក៏ងាយឱ្យ មនុស្សងាយបាត់បង់ចរិយាធម៌ដែរ ដោយគេពុំអាចស្វែងយល់ឱ្យបានស៊ីជម្រៅ ពីសីលធម៌សង្គម តម្លៃកិត្ដិយស។ នេះមិនមែនជាការ ប្រមាថ ឬមើលស្រាលស្ដ្រីភេទឬនារីភេទនោះទេ តែជាប្រត្យក្សភាពរបស់មនុស្សទូទៅ ទោះជាបុរសក៏ដោយ។
• បើបុរសជ្រើសរើសយកតែសមត្ថភាព ជាគោលមិនគិតពីកត្ដារួមផ្សំផ្សេង ទៀតនោះអាចមានផលវិបាកតិចតួចដែលអាច កើតឡើង។ ឧបមាថាចរិយាធម៌ទាបពេក (ច្រើនពាក់ព័ន្ធនឹងឫកពាពីកំណើត) នោះអាចថយចុះនូវតម្លៃ កិត្ដិយសពុំសូវមានញាតិរាប់ រក ខ្វះការប្រាស្រ័យទាក់ទងល្អ រវាងអន្ដរបុគ្គលតែប៉ុណ្ណោះ តែមិនមានអ្វីធំដុំជាងនេះទេ។
សរុបមកប្រសិនបើបុរសជ្រើសរើស នារីពុំបានសមស្រប នោះនឹងមានបញ្ហាចោទឡើងចំពោះសេដ្ឋកិច្ចជាចម្បង។ សម័យថ្មី នេះយើងអាចទទួលបានអ្វីៗ ដោយសារមានសមត្ថភាព មិនអាចរស់នៅពឹងផ្អែកលើធនធានធម្មជាតិ ឬភ័ព្វសំណាងណាមួយនោះទេ។ ហេតុនេះហើយទើបរដ្ឋាភិបាលបច្ចុប្បន្ន កំពុងលើកស្ទ្ទួយសមភាពយែនឌ័រ បង្កឱ្យនារីមានភាពក្លាហានពង្រឹងសមត្ថភាព ដើម្បីចូលរួម សកម្មភាពសង្គម ជាដៃគូដ៏ប្រសើរនឹងបុរស ទាំងក្នុងគ្រួសារទាំងក្នុងសង្គម។
ដំបូន្មានអ្នកប្រឹក្សា
បើបុរសបាញ់ឆ្ពោះទៅរកសមត្ថភាព នោះនារីនឹងខំបោះជំហានក្លាយខ្លួន ទៅជាអ្នកមានសមត្ថភាពដោយកាត់ បន្ថយនូវមោ ទនភាពសម្រស់ និងជំរុញឱ្យមានសមធម៌ យែនឌ័រក្នុងសង្គម។ នារីគប្បីពង្រឹងសមត្ថភាពឱ្យ បានរឹងប៉ឹងនិងមិនត្រូវភ្លេចជាដាច់ ខាតការ ប្រកាន់ខ្ជាប់នូវចរិយាធម៌ថ្លៃថ្នូរ។ ហើយអាណាព្យាបាលក៏គួរប្ដូរផ្នត់គំនិត ដើម្បីជួយជំរុញកូនស្រីសិក្សា ឱ្យបានច្រើន ដើម្បីរួមចំណែក សហការជាមួយបុរសកសាង សុភមង្គលគ្រួសារ និងសង្គមជាតិឱ្យមានការរីកចម្រើន៕
ប្រភព Lookingtoday




Post a Comment