មិត្តអ្នកនិយមអានប្លក់ បងពេទ្យ ប្រហែលជាពុំបានជ្រាបទេថា ពោតមានគុណសម្បត្តិផ្នែកឱសថច្រើនណាស់ ពោលគឺវាមានប្រយោជន៍តាំងពីប្ញសរហូតដល់ចុងតែម្តង ។ គ្រាប់ពោតដែលយើងទំពារលេងមានរសជាតិឈ្ងុយឆ្ងាញ់ និងមានគុណសម្បត្តិជួយបំប៉នស្បែក បេះដូង ថ្លើម និង ជួយចម្រើនអាហារ រឺបរិភោគអាហារបានច្រើន ។ ប្រសិនបើយើងយកវាទៅស្ងោរយកទឹកពិសា វាអាចជួយអោយទឹកនោមដើរស្រួល ។
សក់ពោតមានប្រសិទ្ធភាពបណ្តេញកម្តៅ បញ្ចុះទឹកនោម កម្ចាត់គ្រាប់ក្រួសក្នុងប្រមាត់ ព្យាបាលរលាកតម្រងនោម ជម្ងឺខាន់លឿង ទឹកនោមផ្អែម ក្អួតធ្លាក់ឈាម រលាកក្តោងច្រមុះ និងឈាមហូរតាមច្រមុះ ។
- តម្រាឱសថបុរាណចែងថា អោយយកសក់ពោតល្មមប្រមាណមកដាំទឹកអោយចាស់បន្តិច ហើយពិសា ដើម្បីព្យាបាលជម្ងឺរលាកតម្រងនោម ។
- ប្រសិនបើដាំទឹកសក់ពោតពិសាជំនួសទឹក តែអាចជួយបញ្ចុះទឹកនោមធ្វើអោយនោមស្រួល ។
- ស្ងោរសក់ពោតជាមួយសាច់សត្វ យកមកពិសាព្យាបាលការក្អកធ្លាក់ឈាម សម្រាប់អ្នកគ្រាំក្នុង ដែលបណ្តាលមកពីការងារធ្ងន់ធ្ងរ រឺរបួសគ្រាំក្នុង ។
- សក់ពោតស្ងួត ៣០ ក្រាម ស្ងោរទឹកផឹកអាចជួយសម្រាលដល់ជម្ងឺទឹកនោមផ្អែម ។
- សក់ពោតស្ងួតស្ងោរជាមួយសម្បកចេកអំបូង ចេកនួនស្ងួត សម្បកឪឡឹកស្ងួត ក្នុងបរិមាណស្មើៗគ្នា អាចជួយរក្សាអាការជម្ងឺលើសឈាម ។
- ស្នូលពោតមានរសជាតិផ្អែមលែមៗ មានគុណសម្បតិ្ត ជួយព្យាបាលអាការរាករូស មួល អាការហើមជាំ ជួយបញ្ចុះទឹកនោម និងជួយប៉ូវលំពែង ។
- ប្ញសពោតមានគុណសម្បត្តិ ជួយព្យាបាល អាការក្អួតធ្លាក់ឈាម គ្រាប់ក្រួសក្នុងប្រមាត់ បញ្ចុះទឹកនោម ដោយយកប្ញសស្ងួតទៅស្ងោរទឹកផឹក ។
- ដើមនិងស្លឹកពោតមានគុណសម្បត្តិ ព្យាបាលអាការគ្រាប់ក្រួស (ដូចជាក្នុងតម្រងនោម រឺក្នុងប្រមាត់) ជួយអោយនោមស្រួល នាំយកមកទទួលទានស្រស់់ រឺហាលអោយស្ងួតដាំទឹកផឹក ។
- ស្នូលពោតស្ងួត ប្រសិនបើយកមកដាំទឹកផឹក រឺដុតអោយក្លាយជាធ្យូងលាយទឹកផឹក ក៏មានគុណសម្បត្តិជួយបញ្ចុះទឹកនោម ធ្វើអោយនោមស្រួល និងព្យាបាលអាការគ្រាប់ក្រួសក្នុងតម្រងនោមដែរ ។
- សក់ពោតស្ងួតយកមកញាត់ខ្សៀជក់ បឺតយកផ្សែងអាចជួយព្យាបាលជម្ងឺភ្លេចភ្លាំងស្មារតី រឺជួយឱ្យមានស្មារតីចងចាំប្រក្រតីឡើងវិញ ។
ឃើញទេថាពោតដែលសម្បូរឥតខ្វះក្នុងប្រទេសយើងនេះ មានប្រយោជន៍ច្រើនណាស់ ។
@បងពេទ្យ





Post a Comment