Home » » ដំណើរ​កម្សាន្ត​ ថ្ងៃពុធ​ ទី​០១ ខែ​ឧសភា ឆ្នាំ២០១៣

ដំណើរ​កម្សាន្ត​ ថ្ងៃពុធ​ ទី​០១ ខែ​ឧសភា ឆ្នាំ២០១៣

ដោយ PUZEE ថ្ងៃ Thursday, May 23, 2013 | ម៉ោង 7:19 AM

ដោយ​ឃើញ​ការ​សរសេរ​កំណត់​ហេតុ​របស់​បង​ៗ មួយ​ចំនួន​ដែល​គាត់​សរសេរ​បាន​ល្អ ជាលក្ខណៈឯកជន​និយាយអំពី​សកម្មភាព ក៏ដូចជា​ជីវិតខ្លួនឯង  បងពេទ្យ​ក៏​សាក​រៀន​សរសេរ​​កំណត់​ហេតុ​ខ្លះ​ៗនឹង​គេ​ ។​ បងពេទ្យ​គ្រាន់​ចង់​ដឹង​ថា​ការ​សរសេរ​​របស់​បងពេទ្យ​មាន​ស្នាដៃ​កម្រិត​ណាដែរ ។ កំណត់​ហេតុ​ដំបូង​របស់​បងពេទ្យ​ ក៏​សូម​នាំ​បង​ប្អូន​អ្នក​និយម​ចូល​ទស្សនា​គេហទំព័រ​បងពេទ្យ​ ដឹងពី​សកម្មភាព​របស់​បងពេទ្យ​ក្នុង​ការដើរ​កម្សាន្ត​ក្នុង​ថ្ងៃឈប់​សម្រាក គឺ​ថ្ងៃពុធ ទី០១ ខែ​ឧសភា ឆ្នាំ២០១៣ ដែល​ជាថ្ងៃ​ទិវា​ពល​កម្ម​អន្តរ​ជាតិ​ ដែល​តម្រូវ​អោយ​សិស្សានុសិស្ស​ ក៏​ដូចជា​មន្ត្រីរាជ​ការ​នៅ​ប្រទេស​​កម្ពុជា​បាន​សម្រាក ។ 

@មុន​ថ្ងៃ​ដើរ​កម្សាន្ត
ដោយ​នៅ​ប្រទេស​វៀតណាម​ ត្រូវបាន​ឈប់​សម្រាក​ចំនួន​២​ថ្ងៃ​ គឺថ្ងៃទី៣០ ខែ​មេសា ជាថ្ងៃ​ដែល​បង្រួប​បង្រួម​វៀតណាម​ទាំង២ (ខាងជើង និងខាងត្បូង) និង​ថ្ងៃទី០១ខែ​ឧសភា ជា​ថ្ងៃនៃទិវា​ពលកម្ម​អន្តរជាតិ​ផងនោះ ម្យ៉ាង​ដោយថ្ងៃ​ឈប់​នោះចំ​ថ្ងៃដែល​ខ្ញុំ​ត្រូវ​រៀន​រាល់អាទិត្យផង បងពេទ្យ​ក៏​សម្រេចចិត្តថាទៅ​ខ្មែរ​ដើម្បី​ទៅ​លេងបង​ប្អូន ជាពិសេស​គឺ​ម៉ាក់ប៉ា ដែល​សរុប​ថ្ងៃ​ដែល​បានឈប់ គឺ១០ថ្ងៃដែរ ។ 

@សម្រេច​ជ្រើ​សយក​ថ្ងៃទី​០១​សម្រាប់​ដើរ​លេង
ក្រោយ​ពី​បាន​ទៅ​ដល់​ស្រុក​កំណើត​ ខ្ញុំ​បាន​ជួប​ជុំ​បងប្អូន​នៅឯ​ក្រុង​កំពង់ចាម ។ យប់​ថ្ងៃ​ដែល​ខ្ញុំបាន​ទៅ​ដល់​ ពួក​យើង​នាំគ្នា​ទៅញ៉ាំស៊ុប (ទាយមើល​ថាអ្នក​ណា​ជា​អ្នក​ចេញ​លុយ???) ។ សួរបែប​ហ្នឹង​ ប្រហែល​ជាខ្ញុំ​ហើយ ការ​ពិត​គឺ​ខ្ញុំជា​អ្នក​មក​ពី​ឆ្ងាយ​ត្រូវ​ប៉ាវ​បង​ប្អូន​ខ្ញុំ ដែល​កាល​នោះ មាន​គ្នា​ច្រើ​នគួរ​សមដែរ​ ប្អូន​បង្កើត​២នាក់ ប្អូន​ជីដូន​១ ២នាក់​ទៀត ថែម​បងស្រី​ជីដូន​មួយ ១នាក់ ។ សរុប​ទាំង​ខ្ញុំ គឺ​៦​នាក់​ល្មម ។ ពួក​យើង​នាំគ្នា​ផឹក​បន្តិច និង​ញ៉ាំស៊ុប ។ ក្រោយ​ពីញ៉ាំ​ហើយ ពេល​ជិះ​តាម​ផ្លូវ​ក៏​ចែកគ្នា​២នាក់​ម៉ូតូ​ អោយ​ទៅ​ទិញ ស្រា ងាវឆាអំពិលទុំ និង​ទឹកកក ដើម្បី​ផឹក​បន្ត​ អបអរ​ដែល​ខ្ញុំ​ទៅ​ខ្មែរ​ តែ​លុយ​ចំណាយ​លើការ​ផឹក​ស៊ី គ្មាន​អ្នក​ណា​ក្រៅ​ពីខ្ញុំ​នោះទេ (បងពេទ្យ) ។ យប់​ណាស់ដែរ ប្រហែល​ម៉ោង៨​ ខ្ញុំ​នឹង​បងប្អូន​ខ្ញុំ​នាំគ្នាផឹក ក្លែម​ជាមួយ​ងាវ​ឆាអំពិល​ទុំ ដែល​ខ្ញុំ​មិនបាន​ញ៉ាំ​សោះនៅ​វៀតណាម ។ ដោយម្នាក់​តម្រូវ​អោយផឹក​ចំនួន២កំប៉ុង (ដឹង​ថា​ស្រាបៀរអីទេ???) គឺ​ស្រាបៀរ​ជាតិ​ មោទនភាព​ជាតិ​នោះអី Cambodia Beer ។ មាន​មោទនភាព​ណាស់​ដែល​ល្បី​ខាងស្រា​បៀរហ្នឹង ខ្មែរ​យើង មិន​ដឹង​ថា​រាល់​ថ្ងៃ​ផល​ប៉ះពាល់​នៃ​ការផឹក​ស្រាបៀរ​មានអ្វី​ខ្លះទេ បានជា​មាន​មោទនភាព​ដល់​ម្លឹង ហ៊ឺម..... ។ ផឹក​ស៊ី​តែប្រហែល​ជា​១ម៉ោង​ប៉ុណ្ណោះ ពួក​យើង​សម្រេច​សម្រួល​នឹងគ្នា​ថា នឹងជ្រើ​សរើស​យក​ថ្ងៃទី០១ខែ​ឧសភា ជាថ្ងៃ​ដើរលេង​កម្សាន្ត​ទាំង​អស់គ្នា ព្រោះ​ជាថ្ងៃដែល​បងប្អន​ខ្ញុំទាំង​អស់គ្នា ឈប់​សម្រាក ។ ផុត​ពី​នោះ​មកពួក​យើង​ក៏​ចូល​សម្រាក​រៀង​ខ្លួនទៅ ........ ក្រកៗៗៗ (ដេកស្រម៉ុក​ ព្រោះ​ស្រវឹងហើយ )

@ការ​គិត​មិនដូច​បំណង
ខ្ញុំ​គិត​ថា​មក​ខ្មែរ​ម្តង​នេះ នឹង​បាន​ដើរ​លេង​ជុំ​បង​ប្អូន​មិនខាន​ទេ តែ​ផ្ទុយ​ស្រឡះ គ្មាន​អ្នកណា​ទៅ ទៅវិញ ។ ឈឺចិត្តណាស់ គិតថា​ថ្ងៃក្រោយ​នឹងលែង​មកខ្មែរ​ទៀត​ហើយ ។ និយាយ​គ្នា​ថាទៅ ដល់ចុង​ក្រោយ​ទៅតែប្អូន​ប្រុស​បង្កើត​ម្នាក់ ។ ក្តៅចិត្ត​ឆេវ​ម៉ង !!!! ចាំមើល​ខ្ញុំ​និយាយ​ប្រាប់​ ប្អូនស្រី​បង្កើតនោះ មក​ដល់​បែក​អន្លូង​ហើយ ដំបូង​ថាទៅ​ស្រាប់​តែព្រឹក​ឡើង​កិចកុក​ថា មិនទៅ​ទេ​ព្រោះ​ថ្ងៃ​ស្អែក​ត្រូវ​ចូល​រៀន​ ចឹង​ចង់​ទៅ​កំពង់ចាម​វិញល្ងាច ។ នាង​មិន​ព្រម​ទៅ​ដោយ​សារ​ល្ងាច​ពួក​ខ្ញុំ​ត្រូវ​ចូល​ញ៉ាំ​ការ​អ៊ី​ម្នាក់​ដែល​គាត់​រៀប​ការ​ប្តី​ថ្មី ។ ដល់​ប្អូន​ប្រុស​ជីដូនមួយវិញ ដឹងគេថាម៉េចហ្អេ??? គេថាគេ​ពុល​ឡានមិន​អាច​ទៅ​បាន​ទេ ចប់!! មួយទៀត ។ ដល់​ប្អូន​ស្រី​ជីដូន​មួយវិញ ល្ងាច​ហ្នឹង​ថាមកហើយ​ស្រាប់​តែមិន​មកវិញ ហួសចិត្ត​ម៉ង ។ រឿង​បងប្អូន​ហ្នឹង​មួយឡែក​ រឿង​ប៉ា​និង​ចែបង្កើត​ខ្ញុំ​ ជារឿង​ផ្សេង​ទៀត ។ ខ្ញុំ​ចង់​ដើរ​លេង​ជុំ​ទាំង​អស់គ្នា តែមិនចឹង​អី ប៉ា​ខ្ញុំ​ថា​ បើ​ពួក​ហ្គារ៉ាសទៅ គាត់​មិនទៅ​ទេ ហើយ​គាត់​ទៅ ទាល់​តែពួក​ហ្គារ៉ាស​មិនទៅ ។ មាន​ន័យ​ថា​ការដើរ​លេងដែល​មិន​ជុំ​បងប្អូន ដល់​ពេល​ដឹង​ថា​បែប​ហ្នឹង ខ្ញុំ​លែង​ចង់​ដើរ​លេង​ទៅ​ណាទាំង​អស់ តែ​ជ្រុល​និយាយជាមួយ​ប៉ា​ទៅហើយ ក៏​សម្រេចចិត្ត​ថាទៅ ។ អូ!!! ភ្លេច​ប្រាប់​ទីតាំង​ដែល​ទៅ​ដើរ​កម្សាន្ត​គឺ ព្រែក​កាំពី នៅ​ខេត្ត​ក្រចេះ 

@ទិន្នន័យ​អ្នក​ទៅដើរ​លេង​ ក្រោយ​ពី​ការសម្រេច​ចិត្ត
ចុង​ក្រោយ​អ្នក​ដែល​ចូល​រួម​ក្នុង​កម្មវិធីដើរ​កម្សាន្ត​ទៅ​ព្រែក​កាំពី រួម​មាន​ បងពេទ្យ ម៉ាក់ ប៉ា ប្អូនប្រុស​បង្កើត ក្មួយប្រុស​បង្កើត​ បញ្ញារាជ អាយុ១ខួប៨ខែ អ៊ីម្នាក់ជាអាជីវករលក់​ឌីស​នៅមុខ​ផ្សារ​បែក​អន្លូង និងកូនស្រី​គាត់ ។ ផ្សារ​បែក​អន្លូងដែល​ស្ថិត​នៅក្នុង​ភូមិបែក​អន្លូង ឃុំអារក្សត្នោត ស្រុក​ស្ទឹង​ត្រង់​ ខេត្តកំពង់ចាម ជាផ្សារ​ដែល​ធ្វើឡើង​ដោយលោក​ប៉ា​ខ្ញុំ ហើយ​គាត់​បាន​ដាក់​ឈ្មោះ​ថា ផ្សារ​សែន​មនោរម្យ ។ មនោរម្យ??? គឺ​ត្រជាក់​ត្រជុំនោះអី ផ្សារ​ដែល​ផ្តល់​សេចក្តី​សុខសប្បាយ ដល់​បងប្អូន​អាជីវករគ្រប់គ្នា ។ 

@ការ​រៀប​ចំ​មុន​ពេល​ចេញ​ដំនើរ 
បើ​និយា​យ​មុន​ពេល​ចេញ​ដំនើរ​វិញ ពួក​យើង​ត្រូវ​រៀប​ចំ​ឥវ៉ាន់​ច្រើនណាស់ ច្រើនជាង​គេ​គឺ​ពេល​វេលា​ ព្រោះ​ម៉ាក់ខ្ញុំ​ជា​អ្នក​យកភាស៊ី​ផ្សារ​ផ្ទាល់ ដូច្នេះរៀង​រាល់ព្រឹក​គាត់​ត្រូវ​ងើប​ឡើង​សំអាត​ផ្ទះ​ហើយ​ រួច​ទៅ​យក​ភាស៊ី ប្រហែល​ម៉ោង​៨​បាន​រួច​រាល់ចប់​សព្វគ្រប់ ។ ប្រហែល​ជា​ម៉ោង​៨​ជាង ពួកយើង​ឡើង​ឡាន​ធ្វើដំណើរ ហេហេ នៅវៀតណាម​មិនបានជិះឡាន ដល់​ពេល​ទៅ​ខ្មែរ​បានជិះឡានហើយ តែត្រូវ​អង្គុយ​ខាងក្រោយ ព្រោះ​ត្រូវ​ទុក​អោយ​ម៉ាក់​ខ្ញុំអង្គុយ​ខាង​មុខ ។ អង្គុយ​ខាងក្រោយ​ទៅ បងពេទ្យអើយ !!

@ការធ្វើ​ដំនើរ
ការ​ធ្វើ​ដំនើរ​ចំនាយ​ពេល​ប្រហែល​ជា២ ទៅ​៣ម៉ោង​ប៉ុណ្ណោះ ដែល​ពួក​យើង​ចេញ​ពី​ផ្សារ​បែក​អន្លូង​តាម​ផ្លូវ​ព្រែក​សង្កែ​ រហូត​ដល់ពាម​កោះស្នា ដែល​ជា​ស្រុក​កំណើត​របស់​សម្តេច​តេជោ​សែន ។ ហើយ​បន្ត​ដល់​កំពង់​គរ ទើប​យើង​ឆ្លង​កំពង់​ដរ ទៅ​ត្រើយ​ម្ខាង​ដែល​ជា​ស្រុក​ឆ្លូង​ខេត្ត​ក្រចេះ ។ ក្នុង​ពេល​ជិះ​ដរ ក្មយប្រុស​ខ្ញុំ​ បញ្ញារាជ​ វា​ហ្នឹង​ចូល​ចិត្ត​ទឹក​ណាស់ ស្រែក​តែ​ទឹក​ៗៗៗ មិន​ដាច់​ទេ ក្បាល​ខូច​៩ ចង់​ចុះ​ហែលទឹក​ទៀត ។ ថ្ងៃ​ក៏​ក្តៅ ឯ​អារម្មណ៍​ក៏មិនល្អ ព្រោះ​​​មកខ្មែរ​មិន​បានដើរ​លេង​ជុំ​បងប្អូន​ ណាមួយ​មិន​ស្រួល​ខ្លួន​ទៀត ជិះ​ឡាន​ប៉ុន្មាន​ថ្ងៃ​ហ្នឹង​ រក​តែពុល ។ ឡើង​ដរ​ត្រង់​ស្រុក​ឆ្លូង​ភ្លាម​ សុំទ្រី​ដេក​សិន​ហើយ​លោក​ប៉ា​ ព្រោះ​កូន​ពុល​ងើប​មុខ​លែង​រួច​ហើយ ប៉ា​បើក​ឡាន​ចុះ ចាំ​កូន​ដេក​មើល​អោយ ។ មិន​យូរ​ប៉ុន្មាន​ ឡាន​ក៏​បាន​ទៅ​ដល់​ព្រែក​កាំពី ដែល​ជា​ទី​រមណីយដ្ឋាន​ដ៏​ប្រណីត​ មាន​ទឹក​ហែល​លេង ហើយ​ក្បែរ​នោះ មាន​អន្លង់​សត្វ​ផ្សោត​ទៀត​ផង ។ តែ​ស្តាយ​ណាស់​ដែល​មិន​បាន​ទៅ​មើល ណាមួយ​ប្រហែល​ជា​ពិបាក​មើល​ផង ។ អ៊ីចឹង​កុំមើល​អី ហេហេ ។

ឃិន ជាឆាយ ប្អូនប្រុស​
@រៀប​ចំឥវ៉ាន់​លេង​ទឹក
ដល់​វគ្គ​បងពេទ្យ​ ចុះ​ទៅ​លេង​ទឹក​ហើយ ។ និយាយ​ពីឥវ៉ាន់​វិញ​ ស្ពាយ​ផង​យូរផង​ កណ្តៀត​ផង ព្រោះ​យើង​នៅក្មេង ហើយ​អ្នក​ទៅ​ជាមួយ​សុទ្ធ​តែ​ជាមនុស្ស​ចាស់ៗ ប៉ាម៉ាក់ អ្នកណា​ទៅហ៊ានអោយ​គាត់​លើក​ទៅ មែនហ្អេ??? ខ្ញុំនិយាយត្រូវ​ហ្ន !!! ហាហា ដើរ​ឆ្លងកាត់​ស្ពាន​ម្នាក់ ៥០០រៀល ដើរ​ទៅ​ម៉ា​ស្រឡាញ់ ចង់​មិន​ដើរកាត់​ស្ពាន​ក៏បាន ព្រោះយក​លុយ​ហើយ ហូហូ ទឹក​ក៏​ហូរខ្លាំង ថតបាន ប្អូនប្រុស​មួយ ដើរ​យូរឥវ៉ាន់ដែរ ។ ប្អូនប្រុសខ្ញុំ​សម្បូរខ្មៅជាងខ្ញុំហើយ ហាហា អ៊ួត​ខ្លួនឯងបន្តិចសិន មកពី​ខ្ញុំ​សង្ហា​ជាង​នោះអី ។ តែ​បើ​មន្ត​ស្នេហ៍ ចាំឆាយដាច់ ។ មួយ​ស្របក់​ក្រោយ​ពួក​យើង​បាន​រកបាន​កន្លែង​សមរម្យ​អាច​សម្រាក​លេង​ទឹក​និង​ញ៉ាំ​អាហារ​បាន ក៏​ដាក់ឥវ៉ាន់​ចុះ ហើយផ្លាស់សម្លៀក​បំពាក់​លេងទឹក យូៗៗ យ៉ាៗៗៗ បាន​លេងទឹកហើយ ចាំមើល​ដឹង​តែ​ខ្មៅ​ស្គុះមិន​ខានទេ ។ ណ្ហើយ​យូរៗ​មកម្តង លេង​អោយណាណី​ម្តង ....

@លេងទឹក​និង​ញ៉ាំបាយ 
ផ្លាស់​ខោ​អាវ​ហើយ ចាំអី​ទៀត លេងទឹក​ ហាហា ហូរ​ខ្លាំងណាស់ ទប់​ខ្លួន​សឹង​តែមិន​ជាប់ ឯកន្លែង​លេង​ហ្នឹង មាន​ថ្មទៀត ស្រួច​ៗល្អ៩ ក្តៅក៏​ក្តៅ លឿនក៏លឿន លេង​តែម៉ាកន្លែង ហ៊ឺម..... គ្មាន​សង្សារ​ណា​មកអង្គុយ​ប្រលែង​លេង​ហ្នឹងគេ ចង់យំ ហ៊ីៗៗៗ ។ ថតបាន​រូប​ថត​២ ៣​ប៉ុស្តិ៍ដែរ អ៊ែមម៉ង ។ ដល់​ពេលញ៉ាំបាយបាន​មក​ដល់ ខាន​បានញ៉ាំ​ម្ហូប​ខ្មែរ​យូរហើយ ប៉ង​តាំង​ពី​វៀតណាម​ថា​តែទៅ ញ៉ាំអោយ​ឆ្អែត​ចិត្តម៉ង ។ ថ្ងៃ​នោះ មាន​សាច់មាន់​ដុត ត្រី សម្លអីគេ​ទេ មិនសូវដឹងអារឿងមុខ​ម្ហូបទេ តែ​ចង់ប្រាប់​ថា​ឆ្ងាញ់ ។ ម៉ាក់​ថាអ្ហែង​ត្រូវ​តែ​ស៊ី​អោយអស់​ ខំទិញ​អោយ​ញ៉ាំហើយ ហើយ​បើ​មក​មិនលេង​ទឹក​ទេ ដឹង​តែ​ត្រូវហើយ ។ រឿង​អី​មិន​ត្រូវ​ បើ​គាត់​សុខ​ចិត្ត​ចំណាយ​ពេល​វេលា​របស់​គាត់​មកដើរ​លេង​ជាមួយខ្ញុំ ពេញ​មួយថ្ងៃ ។ ចង់​ប្រាប់​ថាខ្ញុំ​ស្រឡាញ់​គ្រួសារ​ខ្ញុំ​ណាស់ ជា​ពិសេស​គឺម៉ាក់​ប៉ា​ខ្ញុំ ។ ពួក​គាត់​តែ​ធ្វើ​អ្វី​ៗ គ្រប់​បែប​យ៉ាង​ដើម្បី​ខ្ញុំ ។

@ទៅលេង​វត្ត​ព្រះ​វិហារ​ធំ​សសរ១០០
ញ៉ាំ​បាយ​ហើយ​ រៀប​ចំឥវ៉ាន់​ទុក​ដាក់​ឡើង​ឡាន​ដ៏​សែន​ក្តៅ​ដែល​ពេល​ទុក​នៅ​ក្រោម​ម្លប់ តែ​៣​ម៉ោង​ក្រោយ​ក្លាយ​ជា​វាល​ដ៏​សែន​ក្តៅងុំ ដូច​ភ្លើង ។ ឡើង​ឡាន​រួ​ចពួកយើងបន្ត​ទៅ​លេង​វត្ត​ព្រះ​វិហារ​សសរ​១០០​នៅ​ស្រុក​សម្បូរ ដែល​នៅ​ចម្ងាយ​ប្រមាណជា​២០​គីឡូម៉ែត​ទៀត​ទៅពីព្រែកកាំពី ។ ប្រហែល​ជា​កន្លះ​ម៉ោង​យើង​ទាំង​អស់​គ្នា​បាន​ទៅ​ដល់​វត្ត​ដូ​ចក្តី​ប្រាថ្នា ដែល​ខ្ញុំ​ទទួល​តួ​នាទី​ដេកមើល​ផ្លូវ ហាហា (ពុល​ខ្លាំងមែន​ទែន​ហើយ បងពេទ្យ)

@អុជធូប​ថ្វាយ​បង្គំ​ព្រះ និងថត​រូប 
ចុះពី​លើ​ឡាន​ទាំង​ញើស​ជោគ​រូប​ផ្សំ និង​ហ្សើៗ ដោយ​ពុលឡាន ខ្ញុំ​រូត​រះ កាន់​កាមេរ៉ា​ទូរស័ព្ទ និង​កាមេរ៉ា​វីដេអូ ដើរ​ថត តាម​ការ​ចង្អុល​របស់​លោក​ប៉ា ។ ខ្ញុំ​ថតបាន​ច្រើន​គួរ​សមដែរ ។ នេះ​ជារូប​ព្រះ​វិហារ​សសរ​១០០​ ដែល​ពីមុន​ធ្លាប់​តែ​លឺ មិន​ដែល​បាន​មក​ដល់នោះទេ តែ​ពេល​នេះ បាន​មក​ដល់​ហើយ សប្បាយ​ចិត្តណាស់ ។ អរគុណ​លោក​ប៉ា​ខ្លាំងណាស់ ។ ពួ​កយើង​ក៏​ចូល​ទៅក្នុង​ព្រះ​វិហា​រ​អុជ​ធូប​ថ្វាយ​បង្គំព្រះ ។ ប៉ា​ម៉ាក់​ខ្ញុំ គាត់​ចាក់​គម្ពីរ​ ខ្ញុំ​និង​ប្អូន​ខ្ញុំ​បាន​ត្រឹម​តែអង្គុយ​មើល ព្រោះមិន​ចេះ​ចាក់អីនោះ​ទេ ។ នៅ​ក្នុង​វត្ត​ប្រហែល​កន្លះ​ម៉ោង​ ពួក​យើ​ងចេញ​ដំនើរ​ត្រលប់​មកវិញ ដែល​ដល់​វេន​ដែល​ខ្ញុំ​ត្រូវ​បើកឡានហើយ ។ សប្បាយ​ចិត្តមែន​ទែន​ដែល​បាន​បើក​ឡាន ព្រោះ​ថា បើ​បងពេទ្យ​មិន​បើក​ទេ និង​ពុល​ធ្វើអី​មិន​កើត​ទេ ។ បើកឡាន​៣ម៉ោង ប្រហែល​១២០គីឡូម៉ែត្រ អីយ៉ា​មិន​ដែល​បើក​បែបនេះទេ ។ តែមានអារម្មណ៍​ថាសប្បាយ​ចិត្ត ពួកយើ​ងត្រូវ​ចូល​រួម​មង្គល​ការ​ចាស់ៗ ដែល​គាត់​យកគ្នា​ជា​ប្តី​ប្រពន្ធ នៅ​ឯ​ស្រុក​ក្រូច​ឆ្មារ ។ ទៅ​ដល់​រោងការ​ ប្រហែល​ម៉ោង​៥​ជាង ។ ញ៉ាំម្ហូបទៀតហើយ តែ​មិន​សូវឃ្លាន​ទេ ឃ្លាន​ជាងគេ គឺ​រាំ ។ បងពេទ្យ​ចូល​ចិត្ត​រាំណាស់ ។ សំណាង​ដែរ​ដែល​មាន​បង​ជីដូន​មួយនៅ​ទីនោះ​ដែរ ខ្ញុំ​ហៅ តែ​អាខ្លាទេ ព្រោះ​គាត់​ឈ្មោះ​តុលា ។ ម៉ោង​៦ជិត​៧​ ដល់​ពេល​ត្រូវ​ទៅ​បែក​អន្លូង​វិញ ព្រោះ​ថាកំពង់ដរ ភូមិទ្រា ទៅ​ស្ទឹង​ត្រង់ ពេលយប់​គេ​មិន​ចម្លង​ទេ តែ​ដោយ​សារ​អ្នក​ទៅញ៉ាំ​ការ​មានចំនួន​ច្រើន​ដូច្នេះ ក៏​គេ​សុខចិត្ត​មកចម្លង​យើង​ទៅ ។

មួយ​ថ្ងៃ​ដែល​ពេញ​ទៅ​ដោយ​ក្តី​សុខ សប្បាយ​រីក​រាយ ស្នាម​ញញឹម​លាយ​ការ​ពុលឡាន ធ្វើ​អោយ​ខ្ញុំចង​ចាំមិន​ភ្លេច​នូវ​ថ្ងៃ​ដែល​លោក​ប៉ា​ និង​អ្នក​ម៉ាក់ខ្ញុំ​ចំណាយ​ពេល​វេលា​នាំ​ខ្ញុំ​ទៅ​ដើរ​លេង ។ កូន​សូម​អរគុណ​លោក​ទាំង​ពីរ​ជា​ខ្លាំង​ដែល​តែង​តែយក​ចិត្ត​ទុក​ដាក់​និង​កូន​កន្លង​មក​ និង​ទៅ​អនាគត​ក៏​នៅ​តែ​បារម្ភ​ដែរ ។ សូម​​វត្ថុ​សក្តិ​សិទ្ធិ​លើលោក​អ្នក​ជួយ​អោយ​លោក​ទាំង​ពីរ​មាន​សេចក្តី​សុខ​សេចក្តី​ចម្រើន នៅ​ជាម្លប់​ដ៏​ត្រជាក់​សម្រាប់​កូន​ៗគ្រប់ៗគ្នា ។ កូន​ស្រឡាញ់គ្រួសារ​យើង

--------------------------------------------------------
ថៃប៊ិញ ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៣ 
@បងពេទ្យ@
ចែករំលែកអត្ថបទនេះ :
សូមចូលរួមបញ្ចេញមតិ និងចែករំលែកចំពោះអត្ថបទនេះ

Post a Comment

អត្ថបទមុន អត្ថបទបន្ទាប់ Home
 
ចូលរួមទស្សនាប្លក់ផ្សេងទៀតរបស់ខ្ញុំ : Allsong4khmer - កវីឯកា
និស្សិតពេទ្យឆ្នាំទី២ អន្តេវាសិកដ្ឋានសាកលវិទ្យាល័យវេជ្ជសាស្ត្រថៃប៊ិញ ខេត្តថៃប៊ិញ ប្រទេសវៀតណាម
រក្សាសិទ្ធិដោយ ពេទ្យខ្មែរ ផលិតនៅឆ្នាំ២០១៣
បង្កើតឡើងដោយ Maskolis
រចនាបន្ថែមដោយ ឃិន សំណាង
សូមអញ្ជើញចូលទស្សនាម្តងទៀត !!!
ទូរស័ព្ទលេខ : +841644995227/+855889411777 រឺអ៊ីម៉ែល bongpet@gmail.com