Home » » វិធីបំបាត់ស្នាមក្រិន នៅលើបាតដៃ

វិធីបំបាត់ស្នាមក្រិន នៅលើបាតដៃ

ដោយ PUZEE ថ្ងៃ Monday, January 21, 2013 | ម៉ោង 2:20 AM

ស្នាមក្រិន អាចកើតឡើង ដោយងាយស្រួលបំផុត ហើយវាជាបញ្ហាមួយ សម្រាប់មនុស្សគ្រប់រូបផងដែរ។ វាកើតឡើងដោយសារ តែមានការប៉ះទង្គិចជាមួយវត្ថុរឹង ឬការធ្វើការងារធ្ងន់ៗ។ កាលណាប៉ះទង្គិចយូរៗទៅ ក៏បង្កឱ្យមានស្នាមក្រិន នៅលើបាតដៃតែម្ដង។
ស្នាមក្រិននៅលើបាតដៃជាអ្វី?
ស្នាមក្រិននៅលើបាតដៃ គឺជាការឡើងក្រាស់ខ្លាំងលើសពីធម្មតា នៃស្រទាប់សើលើរបស់ស្បែកបាតដៃ ដែលមានសភាពរឹង និងគ្រើមជាដុំៗ ឬអាចមានសភាពក្រាស់ស្មើផង។ ស្នាមក្រិននៅបាតដៃ គឺជាបាតុភូតការពារខ្លួនរបស់ស្បែក ប្រឆាំងនឹងការប៉ះទង្គិច ឬការកកិត និងការរោលរលាកប៉ុណ្ណោះ។
មូលហេតុដែលបណ្ដាលឱ្យកើតមាន ស្នាមក្រិននៅលើបាតដៃ
ស្នាមក្រិនដែលមានសភាពក្រាស់់ស្មើ ដែលមាននៅលើបាតដៃ និងនៅលើបាតជើងផងដែរ គឺជាសញ្ញារបស់ជម្ងឺតំណពូជ ម្យ៉ាង និងមួយទៀតគឺបណ្ដាលមកពី ការរលាកស្បែកបាតដៃរ៉ាំរ៉ៃ ដោយសារធាតុអាលែកហ្ស៊ី ឬសារធាតុរោលបាតដៃឡើងក្រិន និងមានសភាពស្ងួតប្រេះ។ វាអាចបណ្ដាលមកពីការប៉ះពាល់ ជាមួយសារធាតុរោល ឬអាឡែកហ្ស៊ីរ៉ាំរ៉ៃ។
មូលហេតុញឹកញាប់ ដែលធ្វីឱ្យមានស្នាមក្រិននៅបាតដៃនេះគឺបណ្ដាលមកពីមានការប៉ះទង្គិច ឬការកកិតរ៉ាំរ៉ៃរវាងបាតដៃ ជាមួយនឹងវត្ថុផ្សេងៗ ឧទាហរណ៍ ដូចជាការធ្វើការងារដែលប្រើដៃច្រើន ឬការបើកបរម៉ូតូដោយមិនមាន ពាក់ស្រោមដៃជាដើម។
ផលប៉ះពាល់ក្រោយពេលមាន ស្នាមក្រិននៅលើបាតដៃ
ស្នាមក្រិននៅបាតដៃ មិនមែនជាជម្ងឺ ឬធ្វើឱ្យមានប៉ះពាល់ដល់ សុខភាពរាងកាយនោះទេ។ ប៉ុន្ដែវាអាចមានផលរំខានខ្លះ ដូចជាការទើសទែងមិនស្រស់ស្អាត និងពេលខ្លះវាមានការ ឈឺចាប់ខ្លះដែរ ដោយសារការប៉ះ ឬស្ទាបនៅត្រង់កន្លែងដែលក្រិននោះ។ ចំពោះអ្នកដែលមាន ជម្ងឺទឹកនោមផ្អែម ជម្ងឺខ្សោយបេះដូង កន្លែងស្នាមក្រិន ងាយវិវឌ្ឍន៍ទៅជាដំបៅ។
វិធីការពារកុំឱ្យកើតមានស្នាមក្រិន នៅលើបាតដៃ
វិធីការពារកុំឱ្យមានស្នាមក្រិន នៅលើបាតដៃគឺងាយស្រួលបំផុត ដោយលោកអ្នកគ្រាន់តែការពារ ដៃរបស់លោកអ្នកកុំឱ្យប៉ះទង្គិច ឬកកិតញឹកញាប់ពេក ជាមួយទៅនឹងវត្ថុផ្សេងៗ។ ចៀសវាងធ្វើការងារណាធ្ងន់ៗ ដោយប្រើដៃផ្ទាល់ លោកអ្នកគួរតែពាក់ស្រោមដៃការពារ ឬអ្វីផ្សេងៗដែលអាចជួយ កាត់បន្ថយការប៉ះទង្គិច ឬការកកិតលើបាតដៃ នៅរាល់ពេលដែលលោកអ្នក ធ្វើការងារផ្សេងៗដោយប្រើដៃ។ លោកអ្នកអាចប្រើប្រាស់ក្រែ មផ្ដល់សំណើមបាតដៃ បើវាស្ងួតខ្លាំង។
វិធីព្យាបាលដើម្បីបំបាត់ ស្នាមក្រិននៅលើបាតដៃ
ដើម្បីបំបាត់ស្នាមក្រិននៅលើបាតដៃ ដំបូងត្រូវរកមូលហេតុពិតប្រាកដ ដែលបណ្ដាលឱ្យមានស្នាមក្រិន។ ព្យាយាមកែទម្លាប់ផ្សេងៗ ដែលបណ្ដាលឱ្យមាន ការប៉ះទង្គិច ឬកកិតដល់បាតដៃ និងលោកអ្នកគួរពាក់ស្រោមដៃទន់ ឬអ្វីផ្សេងទៀតដើម្បីការពារបាតដៃ រាល់ពេលធ្វើការដោយប្រើដៃ។ បើធ្វើបានស្នាមក្រិន នឹងបាត់ដោយឯងៗ គ្រាន់តែត្រូវការពេលវេលាយូរ។ លោកអ្នកអាចខាត់វាចេញ ដោយប្រើប្រាស់ថ្មសំលៀង បន្ទាប់មកប្រើនូវផលិតផល ផ្ដល់សំណើមមកលាបលើ ស្បែកដែលក្រិននោះ ដើម្បីឱ្យស្បែកមានសំណើម បានគ្រប់គ្រាន់ និងកុំឱ្យរបួសស្បែក។ លោកអ្នកអាចប្រើក្រែមជម្រុះកោសិកា ដូចជា Urea cream, AHA, Salysilic Acid ជាដើម។ ប៉ុន្ដែប្រសិនជាស្បែកដៃរបស់លោកអ្នក មានស្នាមក្រិនច្រើន លោកអ្នកគួរតែទៅរក អ្នកជំនាញផ្នែកសើស្បែក ដើម្បីពិភាក្សា និងធ្វើការព្យាបាលឱ្យបានត្រឹមត្រូវ៕


ប្រភព : Looking Today
ចែករំលែកអត្ថបទនេះ :
សូមចូលរួមបញ្ចេញមតិ និងចែករំលែកចំពោះអត្ថបទនេះ

Post a Comment

អត្ថបទមុន អត្ថបទបន្ទាប់ Home
 
ចូលរួមទស្សនាប្លក់ផ្សេងទៀតរបស់ខ្ញុំ : Allsong4khmer - កវីឯកា
និស្សិតពេទ្យឆ្នាំទី២ អន្តេវាសិកដ្ឋានសាកលវិទ្យាល័យវេជ្ជសាស្ត្រថៃប៊ិញ ខេត្តថៃប៊ិញ ប្រទេសវៀតណាម
រក្សាសិទ្ធិដោយ ពេទ្យខ្មែរ ផលិតនៅឆ្នាំ២០១៣
បង្កើតឡើងដោយ Maskolis
រចនាបន្ថែមដោយ ឃិន សំណាង
សូមអញ្ជើញចូលទស្សនាម្តងទៀត !!!
ទូរស័ព្ទលេខ : +841644995227/+855889411777 រឺអ៊ីម៉ែល bongpet@gmail.com