មុនខ្សាច់ជាអ្វី?
មុនខ្សាច់ គឺជាមុនដែលមានគ្រាប់តូចៗ ដែលធ្វើឱ្យរលាកគល់រោម ហើយរ៉ាំរ៉ៃ រួចបង្កទៅជាមុនខ្សាច់។
មូលហេតុដែល បណ្ដាលឱ្យកើតមុនខ្សាច់នេះ ដោយសារតែការ ស្ទះក្រពេញខ្លាញ់ក្រោមស្បែក ទើបមានមុនខ្សាច់នេះ។ ក្រោយពេលដែលកើតមុនខ្សាច់ វាបង្កឱ្យមានផលប៉ះពាល់ ទៅដល់ស្បែកមុខមានសភាពគ្រើម ឬស្បែករលាកក្រហម និងខ្ទុះជាដើម។
វិធីព្យាបាលការកើតមុនខ្សាច់
- កុំព្យាយាមតុបតែងមុខ ឬលាបម្សៅក្រាស់ពេក ក្នុងពេលដែលមុខរបស់លោកអ្នកកំពុងចេញមុន ក៏ដូចជាមុនខ្សាច់។
- ក្នុងករណីកើតមុនអង្កាមល្អិតៗ ចូរយកស៊ុតសលាបមុខប្រមាណ១៥នាទី រួចចាំលាងសម្អាតចេញ ព្រោះការធ្វើបែបនេះ ដើម្បីកាត់បន្ថយការកើតមុន។
- លាបក្រែម ឬឡេព្យាបាល ដែលផ្សំពីអាស៊ីដសាលីសាយលិក។ វិធីការពារកុំឱ្យកើតមុនខ្សាច់
- ត្រូវសម្អាតស្បែកឱ្យបានស្អាត និងត្រឹមត្រូវ ហើយលាបថ្នាំ ឬលេបថ្នាំដែលមានជាតិរ៉េទីណុល (វីតាមីនអា)។
- ត្រូវលាងសម្អាតមុខ មុនពេលទទួលទានដំណេក។ – ថែរក្សាស្បែកមុខឱ្យស្អាតជាប្រចាំ។
- លុបលាងមុខមួយថ្ងៃ២ទៅ៣ដង លោកអ្នកត្រូវដឹងថា ការមិនលុបលាងសម្អាតផ្ទៃមុខ គឺធ្វើឱ្យស្បែកមុខខ្វះអនាម័យ ហើយធ្វើឱ្យស្បែកមុខស្ងួត និងប្រតិកម្មទៀតផង។
- កុំតឹងតែងធុញថប់អារម្មណ៍ ព្រោះការតានតឹង តប់ប្រមល់ គឺជាដើមហេតុនៃការកើតមុន។
- កាត់បន្ថយអាហារមានជាតិខ្លាញ់ ជាតិផ្អែម និងគ្រឿងផ្អាប់។
- កុំញេច ឬក្ដិច ព្រោះធ្វើបែបនេះវាបង្កឱ្យ ស្បែកមុខរលាកផ្នែកខាងក្នុង។
ដំបូន្មានរបស់អ្នកជំនាញ
លោកអ្នកកុំព្យាយាម ប្រើគ្រឿងសម្អាងប្រភេទណា ដែលមានជាតិប្រេងច្រើន និងកុំឧស្សាហ៍ញេចឬក្ដិច ព្រោះធ្វើបែបនេះ វាបង្កឱ្យស្បែកមុខរលាក។ ចំពោះការទទួលទានអាហារ ដែលមានជាតិខ្លាញ់ ជាតិផ្អែម និងគ្រឿងផ្អាប់ ត្រូវកាត់បន្ថយផងដែរ៕
ប្រភព គេហទំព័រសុខភាពកម្ពុជា
Post a Comment