ក្រសួងសុខាភិបាលបានព្រមានការផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់រូបភាពទៅលើការលក់ផលិតផលសម្រាប់ចិញ្ចឹមទារក-កុមាររបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្នកំពុងបើកដំណើរការនូវអាជីវកម្មនេះ។
លោកស្រី ប្រាក់ សោភ័ណនារី អនុប្រធានមជ្ឈមណ្ឌលជាតិគាំពាមាតានិងទារកនៃក្រសួងសុខាភិបាលធ្វើការជំរុញឱ្យក្រសួងពាក់ព័ន្ធចំនួន៤ ដែលមានក្រសួងសុខាភិបាល ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ក្រសួងពាណិជ្ជកម្ម និងក្រសួងព័ត៌មាន ត្រូវតែចូលរួមពិនិត្យឡើងវិញនូវការអនុវត្ដអនុក្រឹត្យលេខ១៣៣ និងប្រកាសរួមស្ដីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក-កុមារ ដែលមានអាយុក្រោម២ឆ្នាំ។ លោកស្រីបានថ្លែងប្រាប់ទស្សនាវដ្ដី សុខភាពយើង កាលពីថ្ងៃទី២៣ ខែសីហាថា អនុក្រឹត្យនេះបានផ្ដោតយ៉ាងសំខាន់ទៅលើការផ្សពផ្សាយ ប៉ុន្ដែមិនបានទាមទារឱ្យផលិតករ ឬក្រុមហ៊ុនទាំងអស់បញ្ឈប់ការលក់ដូររបស់ខ្លួនទេ ដោយគ្រាន់តែមិនអនុញ្ញាតឱ្យផ្សាយពាណិជ្ជកម្មតែប៉ុណ្ណោះ។ ព្រោះថាការផ្សព្វផ្សាយកន្លងមកនេះ វាបានធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ដរបស់ម្ដាយ ក្នុងការបំបៅដោះកូន ដោយសារការផ្សព្វផ្សាយនោះ បានធ្វើឡើងមិនមានភាពត្រឹមត្រូវ។ លោកស្រីថ្លែងថា ៖ “យើងកំពុងធ្វើការជំរុញដល់ក្រសួងពាក់ព័ន្ធទាំងអស់ឱ្យបន្ដការចុះតាមដាន និងត្រួតពិនិត្យឡើងវិញនូវការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលចិញ្ចឹមទារក និងកុមារនៅគ្រប់ទីកន្លែងទាំងអស់”។
អង្គការសុខភាពពិភពលោកបានធ្វើការសិក្សារកឃើញថានៅក្នុងឆ្នាំ២០១០នេះ ការបំបៅដោះកូនដោយទឹកដោះមានចំនួនកើនឡើង
អង្គការសុខភាពពិភពលោក (WHO) បានធ្វើការសិក្សារកឃើញថា តាមរយៈយុទ្ធនាការបំបៅកូនដោយទឹកដោះសុទ្ធនៅប្រទេសកម្ពុជាបានរកឃើញនូវលទ្ធផលកើនឡើងយ៉ាងខ្លាំងនៃអត្រាបំបៅកូនដោយទឹកដោះម្ដាយសុទ្ធរយៈពេល៦ខែ ពី១១ភាគរយនៅឆ្នាំ២០០៥រហូតដល់៧៤ភាគរយនៅឆ្នាំ២០១០ ដែលនេះគឺជាជោគជ័យដ៏មហិមាក្នុងការជួយសង្គ្រោះកុមារកម្ពុជាបានរហូតដល់ទៅ៦ពាន់នាក់ជារៀងរាល់ឆ្នាំ។
អង្គការសុខភាពពិភពលោក (WHO) បានធ្វើការសិក្សារកឃើញថា តាមរយៈយុទ្ធនាការបំបៅកូនដោយទឹកដោះសុទ្ធនៅប្រទេសកម្ពុជាបានរកឃើញនូវលទ្ធផលកើនឡើងយ៉ាងខ្លាំងនៃអត្រាបំបៅកូនដោយទឹកដោះម្ដាយសុទ្ធរយៈពេល៦ខែ ពី១១ភាគរយនៅឆ្នាំ២០០៥រហូតដល់៧៤ភាគរយនៅឆ្នាំ២០១០ ដែលនេះគឺជាជោគជ័យដ៏មហិមាក្នុងការជួយសង្គ្រោះកុមារកម្ពុជាបានរហូតដល់ទៅ៦ពាន់នាក់ជារៀងរាល់ឆ្នាំ។
មន្ដ្រីអង្គការបានព្រមានអំពីផលប៉ះពាល់ចំពោះកុមារដែលបៅទឹកដោះគោម្សៅ
លោក Dr. Peter J.M Van Maren តំណាងអង្គការសុខភាពពិភពលោកបានមានប្រសាសន៍ថា គ្រប់គ្នាអាចធានា អះអាងថា ម្ដាយដែលចិញ្ចឹមកូនដោយទឹកដោះគោម្សៅគឺជាហេតុផលធ្វើឱ្យក្មេងងាយស្លាប់ និងឈឺច្រើនដង បើប្រៀបនិងការចិញ្ចឹម កូនដោយទឹកដោះម្ដាយ។ លោកបន្ដថា ការស្លាប់ និងឈឺច្រើនដងរបស់កុមារ គឺដោយសារតែការក្លាយរោគចំពោះទារកដែលទើបនឹងកើត។ ហើយពួកគេអាចកើតមានជម្ងឺរាក ជម្ងឺរលាកសួត បញ្ហាផ្នែកពោះវៀន បញ្ហាកុមារមានកម្ពស់ទាប ជម្ងឺរលាកស្បែក រលាកត្រចៀក និងមានចង្កោមសញ្ញាធ្វើឱ្យកុមារស្លាប់មួយរំពេចក៏មានដែរ ហើយនិងមានជម្ងឺហឺត ជម្ងឺឈាមសស៊ីឈាមក្រហម ជម្ងឺទឹកនោមផ្អែម ប្រភេទី១ជាដើម។ លោកថ្លែងថា យើងបានរកឃើញថា ការប្រើទឹកដោះគោម្សៅនៅប្រទេសកម្ពុជាគឺមានប្រហែល១០ភាគរយក្នុងចំណោមកុមារទាំងអស់ ហើយកុមារទាំងនោះបានប្រឈមនឹងគ្រោះថ្នាក់នៃការចិញ្ចឹមដោយទឹកដោះគោម្សៅ។ លោកថា វាគឺជាការព្រួយបារម្ភរបស់យើង ព្រោះថាជារៀងរាល់ឆ្នាំមានកុមារកម្ពុជាប្រហែល៧៩០០នាក់ត្រូវបានស្លាប់ ដោយសារការបំបៅកូនជាមួយនឹងទឹកដោះគោម្សៅ។
ដកស្រង់ ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៨ ខែកញ្ញា ឆ្នាំ២០១១
ប្រភព HealthCambodia




Post a Comment