Home » » ១៤ វិធី ដើម្បី​សម្រស់ស្អាត សុខភាពល្អ

១៤ វិធី ដើម្បី​សម្រស់ស្អាត សុខភាពល្អ

ដោយ PUZEE ថ្ងៃ Wednesday, March 6, 2013 | ម៉ោង 5:04 PM


សម្រស់របស់យើងមិនមែនកើតឡើងតាមរយៈការតុបតែងតែផ្នែកខាងក្រៅមួយមុខនោះទេ ប៉ុន្តែ​វា​ក៏​អាស្រ័យ​លើ​ការ​ថែ​ទាំ​សុខភាព និង​សម្រស់​ខាង​ក្នុង​ផង​ដែរ​។​ដូច្នេះ​ហើយ​ទើប​យើង​នាំ​យក​អាថ៌កំបាំង​ដើម្បី​សុខភាព​មក​ជម្រាប​ជូន​មិត្ត​អ្នកអាន ។ សូម​ជម្រាប​ថា បើ​អ្នក​ធ្វើ​តាម​ការ​ណែនាំ​បាន​គ្រប់​ទាំង​១៤​ វិធីនេះ នោះ​សុខភាព និង​សម្រស់​ដ៏​ផូរ​ផង់​នៅ​មិន​ឆ្ងាយ​ពី​កណ្ដាប់​ដៃ​របស់​អ្នក​ឡើយ  ។
១-ទទួលទានផ្លែប៉ោម ឬផ្លែភែរ៏មួយថ្ងៃមួយផ្លែ
ពីព្រោះក្នុងផ្លែប៉ោម និងផ្លែភែរ៏សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីនកម្ម ដែល​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​។ ​ម្យ៉ាងទៀត​ វា​ក៏​ជា​ផ្លែឈើ​ដែល​មាន​រសជាតិ​សរសៃ​ខ្ពស់ ដែល​ជាតិ​សរសៃ​នេះ​វា​ទៅ​ជួយ​រំលាយ​ជាតិ​ខ្លាញ់​ និង​ប្រូតេអ៊ីន ។ ដូច្នេះ​បើ​អ្នក​ណា​ដែល​កំពុង​តែ​គ្រប់គ្រង​ទម្ងន់​ដើម្បី​បាន​រាង​ស្វែល​ស្អាត​រយៈ​ពេល​យូរ​ សូម​សាក​ល្បង​ទទួល​ទាន​ផ្លែប៉ោម​ និងផ្លែភែរ៍ ធានា​ថា​មិន​ខុស​បំណង​ឡើយ​ ។
២-លាងដៃឲ្យបានញឹកញាប់
ជាពិសេសត្រូវលាងដៃមុនពេលទទួលទានអាហារ ពី​ព្រោះ​ដៃ​របស់​យើង​ប៉ះ​កាន់​ចំ​មេរោគ​ផ្សេងៗ​ជាច្រើន​ ។ ដូច្នេះ​ដើម្បី​សុខភាព​របស់​យើង​ផ្ទាល់​ត្រូវ​លាង​ដៃ​ជាប់​ជា​ប្រចាំ​មុន​នឹង​ទទួល​ទាន​អាហារ ។
៣-ហាត់ដកដង្ហើមវែងៗ
វិធីនេះមិនគ្រាន់តែជួយកាត់បន្ថយភាពតានតឹងបានយ៉ាងប្រសើរប៉ុណ្ណោះទេ ប៉ុន្តែ​វា​ថែម​ទាំង​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​បាន​ទៀត​ផង​ ។ យើង​អាច​ចំណាយ​ពេល​ប្រមាណ​ជា ១៥​នាទី​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ដក​ដង្ហើម​វែង​ៗ និង​បញ្ចេញ​មក​វិញ​ម្ដង​បន្តិច​ៗយ៉ាង​ហោច​ណាស់​ ១០​ដងក្នុង​មួយ​វិនាទី ពេល​នោះ​អ្នក​នឹង​មាន​អារម្មណ៍​ស្មឹង​ស្មាធិ៍ និង​បាន​ធូរ​ស្បើយ​ក្នុង​ខ្លួន ។ កត្តា​សំខាន់​មួយ​ទៀត​ គឺ​ត្រូវ ទទួល​ទាន​ដំណេក​ឲ្យ​បាន​គ្រប់គ្រាន់ នោះ​សម្រស់​ស្អាត និង​សុខភាព​ល្អ​ទៅ​ណា​មិន​ឆ្ងាយ​ពី​អ្នក​ឡើយ​ ។
៤-ថែទាំកែវភ្នែកទាំងពីរឲ្យស្អាត
ទោះបីរដូវនេះជារដូវវស្សាភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃ ភ្នែក​យើង​មិន​សូវ​បាន​ប៉ះ​នឹង​ពន្លឺ​ថ្ងៃ​យ៉ាង​ណា​ក៏​ដោយ​ ប៉ុន្តែ​លុះបាន​ប៉ះ​ចំ​ពន្លឺ​ខ្លាំង​ម្តងៗ ​ក៏​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ភ្នែក​របស់​យើង​ជា​ខ្លាំង​។ ដូច្នេះ​ដើម្បី​ការពារ​ភ្នែក​របស់​យើង ត្រូវ​វ៉ែនតា​ការពារ​ពន្លឺ​ថ្ងៃ​ពាក់​ដើម្បី​ការពារ​ពេល​ដែល​យើង​ត្រូវ​ប្រឈម​នឹង​ពន្លឺ​ថ្ងៃ ។ កត្តា​សំខាន់​សូម​កុំ​ភ្លេច​ជំនួយ​ផ្នែក​ខាង​ក្នុង​តាម​រយៈ​ការ​ទទួល​ទាន​បន្លែ​ស្លឹក​បៃតង​ឲ្យ​បាន​ច្រើន​ ព្រោះ​វា​អាច​ជួយ​ដល់​ភ្នែក​របស់​អ្នក​ស្អាត មើល​ឃើញ​ច្បាស់​ល្អ​រយៈ​ពេល​វែង ។
៥-ជ្រើសរើសប្រើកែវទាបៗសម្រាប់ផឹកទឹក
ការផឹកទឹកច្រើន ក៏អាចជួយកាត់បន្ថយការប្រឈមក្នុងការកើតជំងឺបេះដូងបានមួយផ្នែកដែរ។ ប៉ុន្តែ​បើ​ត្រូវ​ឃើញ​ទឹក​ក្នុង​ដប​ធំៗ ឬ​ក្នុង​កែវ​ខ្ពស់ៗ អាច​ធ្វើ​ឲ្យ​យើង​រួញ​រា​ក្នុង​ការ​ផឹក​វា ។ ដូច្នេះ​យើង​ត្រូវ​ជ្រើស​រើស​កែវ​ណា​រាង​ទាប​តូច​ល្មម ទើប​ធ្វើ​ឲ្យ​យើង​ផឹក​វា​បាន​រឿយៗ​តាម​តម្រូវ​ការ ។
៦-លើកដុំដែកឱ្យសាច់ដុំដៃរឹងប៉ឹងល្អ
ត្រូវ​ឆ្លៀត​ពេល​លើក​ដុំ​ដែក​ឲ្យ​បាន​ប្រមាណ​ជា ២-៣ សិត​ក្នុង​មួយ​សប្ដាហ៍​នឹង​ជួយ​ធ្វើ​ឲ្យ​សាច់ដុំ​ដៃ​របស់​អ្នក​រឹង​ប៉ឹង និង​តឹង​ណែន​ល្អ ។ ត្រូវ​លើក​ទម្ងន់​ណា​ដែល​សម​កម្លាំង​ខ្លួន​ឯង នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​ម្ចាស់​ដៃ​ដ៏​ស្អាត​ណែន​ល្អ​បាន​ហើយ ។
៧-ប្រើហ្វីតបលជួយក្នុងការពង្រាបក្បាលពោះ
ចង់​ក្លាយ​ជា​ស្ត្រី​ស្អាត មិន​​ត្រូវ​​​បណ្ដោយ​ឲ្យ​ខ្លួន​ឯង​ដុះ​ក្បាល​ពោះ​ដូច​ចិន​កាប់​ជ្រូក​នោះ​ឡើយ ។ដូច្នេះ​វិធី​ងាយ​ៗ​ដែល​ជួយ​ធ្វើ​ឲ្យ​អ្នក​មាន​ក្បាល​ពោះ​ស្អាត​មិន​ជា​ពិបាក​នោះ​ឡើយ ដោយ​គ្រាន់​តែ​អ្នក​ប្រើ​មធ្យោបាយ​ស៊ីត​អាប់​ប៉ុណ្ណោះ ពោល​គឺ​ត្រូវ​យក​ហ្វីត​បល​មក​ប្រើ​ជា​ជំនួយ​ក្នុង​ការ​ស៊ីត​អាប់​។ វិធី​នឹង​ជួយ​ធ្វើ​ឲ្យ​សាច់​ដុំ​ក្បាល​ពោះ​របស់​អ្នក​តឹង​ណែន​ល្អ​រហូត​ដល់​ទៅ ៣៨ ភាគ​រយ​ឯណោះ ។
៨-រំសាយបន្ធូរអារម្មណ៍ផ្លូវចិត្តដោយក្លិនផ្កាឡាវេនដ័រ
ការ​ស្រង់​ក្លិន​ឡាវេនដ័រ​( Lavender ) ត្រឹម​តែ​៥​នាទី​នឹង​ជួយ​កាត់​បន្ថយ​កម្រិត​ភាព​តាន​តឹង​ក្នុង​ខ្លួន​របស់​អ្នក​បាន​យ៉ាង​ច្រើន​។ ​ហើយ​នៅ​ពេល​ប្រាស​ចាក​ពី​ភាព​តាន​តឹង រាង​កាយ​របស់​អ្នក​ក៏​នឹង​មាន​អារម្មណ៍​ធូរ​ស្បើយ​ផ្ដល់​ផល​ល្អ​ចំពោះ​បេះដូង ធ្វើ​ឲ្យ​ចៀស​ផុត​ឆ្ងាយ​ពី​ការ​ប្រឈម​នៃ​ជំងឺ​បេះដូង​។
៩-ប្រើចានតូចដាក់អាហារពេលល្ងាច
វិធីនេះវាអាចជួយគ្រប់គ្រងឲ្យអ្នកទទួលទានអាហារពេលល្ងាចបានតិច។ បើ​យើង​ប្រើ​ចាន​ធំ​ដាក់​អាហារ​ ច្បាស់​ជា​យើង​ទទួល​ទាន​ច្រើន​ទៅ​តាម​នោះ​ដែរ​ ព្រោះ​បើ​ទទួល​ទាន​តិច គឺ​ស្ដាយ​អាហារ​ដែល​នៅ​សល់​ក្នុង​ចាន​។ ​ត្រូវ​ដឹង​ថា​ អាហារ​ពេល​ល្ងាច​នេះ​ហើយ​ជា​អ្នក​បង្កើន​ទម្ងន់​លំដាប់​លេខ​មួយ​តែ​ម្ដង​។ ហេតុ​នេះ​ត្រូវ​ប្ដូរ​មក​ប្រើ​វិធី​ចិត្ត​វិទ្យា​ក្នុង​ការ​គ្រប់គ្រង​អាហារ​ដោយ​ការ​ប្ដូរ​ទំហំ​ចាន​ឲ្យ​តូច​ទើប​ជា​ជម្រើស​ល្អ​សម្រាប់​សុខភាព​សម្រស់ ។
១០-បន្ថែមរសជាតិឱសថធម្មជាតិ
ដោយសារនៅក្នុងឱសថធម្មជាតិវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីដកម្ម ដែល​ល្អ​ចំពោះ​រាង​កាយ​របស់​យើង​។ ដូច្នេះ​សូម​សាក​ល្បង​ជ្រើស​រើស​ទទួល​ទាន​អាហារ​ដែល​មាន​សមាស​ធាតុ​ផ្សំ​នៃ​ឱសថ​ធម្មជាតិ​ដូចជា​ ម្ទេស​ ម្រេច​ រ៉ូសប៊ែរី អរីកាណូ​ ជាដើម​។ វា​មិន​គ្រាន់​តែ​ជួយ​ធ្វើ​ឱ្យ​អាហារ​មាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ផ្ដល់​ផល​ល្អ​ដល់​សុខភាព​របស់​យើង​ទៀត​ផង។
១១- ទទួលទានបន្លែ និងផ្លែឈើឲ្យបានច្រើនៗ
ទន្ទេញចាំជានិច្ចថា ក្នុងអាហារមួយពេលៗ យើង​ត្រូវ​ជ្រើស​រើស​ទទួល​ទាន​ឲ្យ​បាន​សារធាតុ​អាហារ​គ្រប់​ទាំង​៥​ក្រុម​ ជា​ពិសេស​បន្លែ​ និង​ ផ្លែឈើ​មិន​ត្រូវ​ខ្វះ​ដាច់​ខាត ពី​ព្រោះ​តាម​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​គេ​បាន​រក​ឃើញ​ថា ការ​ដែល​យើង​ទទួល​ទាន​បន្លែ​ឲ្យបា​នលើស​ពី ​60 ក្រាម​ក្នុង​ថ្ងៃ នឹង​ជួយ​ឲ្យ​យើង​មាន​អាយុ​វែង​បាន​ ២​ ឆ្នាំ​ថែម​ទៀត។
១២-ខ្ពុរមាត់ដោយទឹកខ្ពុរមាត់
ឆ្លងតាមលទ្ធផលនៃការសិក្សារបស់វិទ្យាស្ថានទន្តសាស្រ្តក្នុងប្រទេសអង់គ្លេសគេបានរកឃើញថា ការ​ខ្ពុរ​មាត់​ដោយ​ទឹក​ខ្ពុរ​មាត់​នឹង​ជួយ​កម្ចាត់​កំណក​កំបោរ​ និង​បាក់តេរី​ផ្សេងៗ​ក្នុង​មាត់។ ដូច្នេះ​ដើម្បី​សុខភាព​មាត់​ធ្មេញ ពេល​ដុស​ធ្មេញ​រួច​ត្រូវ​យក​អំបោះ​ខាត់​ធ្មេញ​បន្ត​បន្ទាប់​មក​បញ្ចប់​ដោយ​ការ​ខ្ពុរ​មាត់​ជាមួយ​នឹង​ទឹកថ្នាំ​ខ្ពុរ​មាត់។
១៣- ទទួលទានអាហារពេលព្រឹកឲ្យបានរាល់ថៃ្ង
ការទទួលទានអាហារពេលព្រឹក មិនគ្រាន់តែជួយខួរក្បាលឲ្យយើងគិតអ្វីឆាប់ឃើញប៉ុន្តែទេ ប៉ុន្តែ​វា​ក៏​ជា​វិធី​មួយ​ដែ​ល​ជួយ​គ្រប់គ្រង​ទម្ងន់​បាន​ល្អ​ជាង​ការ​បង្អត់​អាហារ​ព្រឹក ពេល​នោះ​យើង​នឹង​ទៅ​សម្រុក​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់ និង​អាហារ​ល្ងាច​ច្រើន​ដែល​ទង្វើ​បែប​នេះ​វា​មិន​បាន​ហុច​ផល​ល្អ​ដល់​រាងកាយ​យើង​ទេ​។ ម្យ៉ាង​ទៀត​បើ​ចង់​ឲ្យ​កាន់​តែ​ល្អ​ទៅ​ទៀត​នោះ គួរ​តែ​ទំពារ​អាហារ​យឺតៗ​រាល់​លើក​ពេល​ទទួល​ទាន​ម្តងៗ​។ វិធី​នេះ​ក្រៅ​ពី​បាន​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ងាយ​ធ្វើការ​ហើយ​នោះ ថែម​ទាំង​ជួយ​ធ្វើ​ឲ្យ​អ្នក​ឆាប់​ឆ្អែត និង​ហូប​តិច​ទៀត​ផង។
១៤-ត្រូវហាត់ប្រាណ
ត្រូវចំណាយពេលហាត់ប្រាណឲ្យបានមួយថ្ងៃ ៣០នាទី បើចង់មានរូបរាងស្អាត និង សុខភាពល្អ។ ប៉ុន្តែ​បើ​មមា​ញឹក​ខ្លាំង​ ពុំ​មាន​ពេល​គ្រប់គ្រាន់​ អ្នក​អាច​ហាត់​ប្រាណ​ត្រឹម​តែ ​៣ ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ក៏​បាន​ដែរ ពេល​នោះ​អ្នក​នឹង​ដឹង​ថា​បច្ច័យ​វិជ្ជមាន​ដែល​បាន​ពី​ការ​ហាត់​ប្រាណ​វា​ល្អ​កម្រិត​ណា​ចំពោះ​សុខភាព​ និង​សម្រស់ ៕

ប្រភព ដំណឹង

ចែករំលែកអត្ថបទនេះ :
សូមចូលរួមបញ្ចេញមតិ និងចែករំលែកចំពោះអត្ថបទនេះ

Post a Comment

អត្ថបទមុន អត្ថបទបន្ទាប់ Home
 
ចូលរួមទស្សនាប្លក់ផ្សេងទៀតរបស់ខ្ញុំ : Allsong4khmer - កវីឯកា
និស្សិតពេទ្យឆ្នាំទី២ អន្តេវាសិកដ្ឋានសាកលវិទ្យាល័យវេជ្ជសាស្ត្រថៃប៊ិញ ខេត្តថៃប៊ិញ ប្រទេសវៀតណាម
រក្សាសិទ្ធិដោយ ពេទ្យខ្មែរ ផលិតនៅឆ្នាំ២០១៣
បង្កើតឡើងដោយ Maskolis
រចនាបន្ថែមដោយ ឃិន សំណាង
សូមអញ្ជើញចូលទស្សនាម្តងទៀត !!!
ទូរស័ព្ទលេខ : +841644995227/+855889411777 រឺអ៊ីម៉ែល bongpet@gmail.com