ក្រោយពីមានបណ្តាញទំនាក់ទំនងសង្គមដ៏ពេញនិយម Facebook យើងសង្កេតឃើញថាយុវជន និងយុវតីកម្ពុជាបានប្រើពេលវេលាដ៏ច្រើនទៅលើការប្រើប្រាស់វា រួមទាំងពេលគេងនាពេលយប់ទៀត ។ ការទទួលទានដំណេកមិនគ្រប់គ្រាន់ អាចបណ្តាលអោយយើងជួបប្រទះនឹងជម្ងឺនានា ។
ក្នុង១ថ្ងៃ មនុស្សគួរតែទទួលទានដំណេកពី៧ ទៅ៨ម៉ោង ដើម្បីទទួលបានកម្លាំងពេញលេញ ក្នុងការបន្តការងាររឺការសិក្សាសម្រាប់ថ្ងៃបន្ទាប់ តែបើយើងបំពានម៉ោងដំណេកទៅជាម៉ោងប្រើប្រាស់ Facebook ទៅវិញ នោះរាងកាយយើងនឹងជួបប្រទះនូវវិបត្តិជាមិនខាន ។
តាមការសិក្សាស្រាវជ្រាវ បានបញ្ជាក់អោយដឹងថា សម្រាប់រយៈពេលខ្លី មនុស្សម្នាក់ទទួលទានដំណេកមិនគ្រប់គ្រាន់ វានឹងធ្វើអោយគេក្រោកឡើងអស់កម្លាំងនិងមិនមានចិត្តចង់ធ្វើការងារនោះឡើយ គឺមានអារម្មណ៍មិននឹងនរ ធីងធោង ងងុយគេងជានិច្ចពេញ១ថ្ងៃ ។
ចំណែកផលវិបាកក្នុងរយៈពេលវែងនៃការទទួលទានដំណេកមិនគ្រប់គ្រាន់ វាធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធសសៃប្រសាទដោយអាចបណ្តាលអោយមានជាបញ្ហាសម្ពាធឈាមខ្ពស់ ដែលយើងនិយមហៅថាជម្ងឺលើសឈាម ។ លើសពីនេះទៅទៀត វាបណ្តាលអោយមានការប៉ះពាល់ដល់ការចងចាំផងដែរ ។
គេហទំព័របងពេទ្យសូមផ្តល់យោបល់ដល់យុវជន និងយុវតីកម្ពុជាគួរដេកអោយបានគ្រប់គ្រាន់ដើម្បីសុខភាពមាំមួន និងបែកចែកពេលវេលាធ្វើការផ្សេងៗអោយបានច្បាស់លាស់ក្នុង១ថ្ងៃ ។
នេះជាបញ្ហាដែលកើតមានទូទាំងសាកលលោកយើងទៅហើយដែលមនុស្សភាគច្រើនបានចំណាយពេលវេលាច្រើនទៅលើ Facebook ។ ចូលរួមទាំងអស់គ្នាដើម្បីសុខភាពមាំមួន គ្មានជម្ងឺ ។
@ឃិន សំណាង@
Post a Comment